សូមអានព័ត៌មានខាងក្រោមនេះប្រសិនបើអ្នកត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួន!
យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយ ដែលត្រូវបានប៉ូលីស ឃាត់ខ្លួន មានសិទ្ធិមូលដ្ឋានមួយចំនួន ដើម្បីការពារខ្លួនកុំឲ្យប៉ូលីសប្រព្រឹត្តមិនត្រឹមត្រូវមកលើខ្លួន។ សិទ្ធិទាំងនេះគឺជារបស់អ្នកដែលត្រូវឃាត់ខ្លួន សិទ្ធិទាំងនេះមិនត្រូវបានគេដកហូតពីអ្នកទេ។ ប្រសិនបើអ្នកគ្រាន់តែត្រូវបានប៉ូលីសឃាត់ខ្លួន អ្នកមានសិទ្ធិដូចខាងក្រោមនេះ៖
ប្រសិនបើ អ្នកមានអាយុក្រោម១៤ឆ្នាំ អ្នកមិនត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួននោះទេ។
សិទ្ធិដឹងពីមូលហេតុឃាត់ខ្លួន៖ ប៉ូលីសត្រូវប្រាប់អ្នកភ្លាមៗពីមូលហេតុនៃការឃាត់ខ្លួន។ អ្នកអាចត្រូវបានចាប់ខ្លួនតែតាមដីការបស់តុលាការ ឬក៏កំពុងតែប្រព្រឹត្តអំពើល្មើសច្បាប់ប៉ុណ្ណោះ។ ប៉ូលីសក៏អាចឃាត់ខ្លួនអ្នកជាបណ្ដោះអាសន្នបានដែរ ប្រសិនបើគេយល់ថាអ្នកបានរំលោភច្បាប់ ឬមិនព្រមសហការជាមួយប៉ូលីសក្នុងការស៊ើបអង្កេត។
ប៉ូលីសមិនអាចឃាត់ខ្លួនអ្នក លើសពី៤៨ម៉ោងទេ (២ថ្ងៃ) បន្ទាប់ពីនោះ អ្នកត្រូវតែទទួលបានការចោទប្រកាន់ ឬត្រូវតែដោះលែង។
សិទ្ធិមានមេធាវី៖ អ្នកអាចពឹងពាក់រកមេធាវីម្នាក់បាន។ បន្ទាប់ពីការឃាត់ខ្លួន២៤ម៉ោង អ្នកត្រូវតែអាចជួបជាមួយមេធាវី ឬជនណាម្នាក់តាមតែអ្នកជ្រើសរើស។ ប្រសិនបើអ្នក មិនមានលទ្ធភាពបង់ថ្លៃសេវាឲ្យមេធាវីបាន មានអង្គការមេធាវីមិនយកកម្រៃមួយចំនួនអាចជួយអ្នកបាន។ សូមអ្នកសួរប៉ូលីសដើម្បីទាក់ទងនឹងអង្គការទាំងនោះ។
សិទ្វិរក្សាភាពស្ងៀមស្ងាត់៖ អ្នកអាចរក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយនឹងសំណួររបស់ប៉ូលីស រង់ចាំរហូតដល់អ្នក មានមេធាវី។ គ្មានអ្នកម្នាក់ អាចបង្ខំអ្នកឲ្យឆ្លើយ ប្រសិនបើអ្នក មិនចង់ឆ្លើយនោះទេ។ តែបើអ្នកមិនឆ្លើយទេ វាអាចបង្ហាញឲ្យគេឃើញថា អ្នកមានជាប់សង្ស័យនឹងបទល្មើសនោះ។
សិទ្ធិមិនឆ្លើយសារភាព៖ អ្នកមិនត្រូវសារភាពពីអ្វី ដែលអ្នកមិនបានប្រព្រឹត្តនោះទេ។ អ្នកអាចសារភាពពីអ្វីដែលអ្នកពិតជាបានធ្វើ ប្រសិនបើអ្នកចង់ ឬក៏អាចចាំដល់អ្នកមានមេធាវី ទើបឆ្លើយតាមការផ្ដល់យោបល់ពីមេធាវីក៏បាន។ គ្មានអ្នកណាម្នាក់អាចបង្ខំឲ្យអ្នកទទួលសារភាពថាបានប្រព្រឹត្តល្មើសអ្វីមួយ ដោយការវាយដំអ្នក ឬគំរាមកំហែងអ្នក ឬគ្រួសារអ្នកនោះទេ។ ប្រសិនបើអ្នកណាម្នាក់ វាយដំធ្វើទារុណកម្មអ្នក ហើយបង្ខំឲ្យអ្នកឆ្លើយសារភាព ចម្លើយសារភាពបែបនេះ មិនអាចយកជាការបានទេ និងមិនអាចយកមកប្រើ ប្រឆាំងនឹងអ្នកនៅតុលាការឡើយ។
អ្នកគួរតែពិនិត្យមើលចម្លើយរបស់អ្នកដែលបានឆ្លើយឲ្យបានច្បាស់ មុននឹងអ្នកផ្ដិតមេដៃ។
ប្រសិនបើមិនត្រឹមត្រូវដូចអ្វីដែលអ្នកបានឆ្លើយ អ្នកត្រូវតែទាមទារឲ្យធ្វើការកែតម្រូវមុននឹងអ្នកផ្ដិតមេដៃ។
សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ៖ ក្រោយឃាត់ខ្លួនភ្លាម អ្នកត្រូវតែបាននាំខ្លួនតុលាការឆាប់ៗ តាមតែអាចធ្វើបាន។ តុលាការ នឹងធ្វើការស៊ើបអង្កេតរឿងក្ដីរបស់អ្នក និងធ្វើប្រាកដប្រជាថា គ្មានអ្នកណាម្នាក់ប្រព្រឹត្តមកលើអ្នកមិនបានត្រឹមត្រូវតាមច្បាប់នោះទេ។ ប្រសិនបើអ្នកត្រូវបានចាប់ខ្លួនដោយសារតែអ្នកត្រូវបានកាត់ទោស និងផ្ដន្ទាទោសដោយកំបាំងមុខនោះ អ្នកមានសិទ្ធិសុំឲ្យមានការកាត់ក្ដីម្ដងទៀត។ សូមសាកសួរមេធាវីរបស់អ្នកពីការអនុវត្តសិទ្ធិនេះ។
សិទ្ធិប្រាប់ដល់អ្នកផ្ទះពីការឃាត់ខ្លួន ឬចាប់ខ្លួន៖ អ្នកគួរតែអាចប្រាប់ដល់អ្នកផ្ទះឲ្យបានដឹងពីការឃាត់ខ្លួន ឬចាប់ខ្លួន។ ប្រសិនបើអ្នកមានអាយុក្រោម១៨ឆ្នាំ ប៉ូលីសត្រូវប្រាប់ឪពុកម្ដាយ ឬអាណាព្យាបាលអ្នក ពីការឃាត់ខ្លួន ឬចាប់ខ្លួននេះ។
អត្ថបទបោះពុម្ពផ្សាយដោយការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ខែមិថុនា ឆ្នាំ២០០៩ យោងតាមមាត្រា៩៣ដល់មាត្រា១០៣, ៦៤ដល់៦៦ និងមាត្រា១៨៩ ដល់១៩៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងមាត្រា៣១, ៣៩ និង៣៩នៃរដ្ឋធម្មនុញ្ញ។ សិទ្ធិដទៃទៀតក៏អាចអនុវត្តបានដែរ។
សូមមើល និងស្ដាប់អ្នកជំនាញច្បាប់៖
No comments:
Post a Comment