2011-04-03
សូមចុចទីនេះដើម្បីអាន "សេចក្ដីប្រកាសព័ត៌មានជាភាសាអង់គ្លេស"
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House កាលពីថ្ងៃសុក្រ ទី១ មេសា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ចោលសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចោល។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី២ មេសា បានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងបន្តសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យក្លាយទៅជាច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។ លោក ជាម យៀប បានបដិសេធមិនទទួលយកសំណើរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House ដែលបានស្នើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលសេចក្ដីព្រាងនេះ។
សេចក្ដីថ្លែងការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House កាលពីថ្ងៃសុក្របញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចុងក្រោយនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្ហាញមន្ត្រីអង្គការសង្គមស៊ីវិល កាលពីសប្ដាហ៍មុនបង្ហាញថា សេចក្ដីព្រាងច្បាប់នេះ អាចអនុញ្ញាតឲ្យរដ្ឋាភិបាលអាចបញ្ឈប់សកម្មភាពរបស់អង្គការតាមតែអំពើ ចិត្តខ្លួន។ សេចក្ដីព្រាងច្បាប់ក៏មិនបានអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលមាន សិទ្ធិតវ៉ាការបិទអង្គការនោះទេ។ មន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា ក្នុងការពិភាក្សាគ្នាមួយជាមួយមន្ត្រីក្រសួងមហាផ្ទៃ កាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលយកការសុំកែប្រែសេចក្ដីព្រាង ច្បាប់មួយចំនួនរបស់អង្គការសង្គមស៊ីវិលនោះទេ។
លោក ជាម យៀប បន្ថែមទៀតថា កម្ពុជាចាំបាច់ត្រូវមានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៖ "របស់ រដ្ឋមួយ អធិបតេយ្យភាព និងបូរណភាព គេធ្វើដើម្បីរដ្ឋគេ ដើម្បីប្រទេសគេ និងគ្រប់គ្រងប្រជាជនគេ។ ហើយអ៊ីចឹងទេ មិនអាចយកច្បាប់កម្ពុជាទៅដាក់ដូចច្បាប់អាមេរិកបានទេ"។
មន្ត្រីតស៊ូមតិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន ៥៨មាត្រា និង ១១ជំពូកនឹងអាចប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ មន្ត្រីបន្តថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើឲ្យខូចខាត ដល់សិទ្ធិសេរីភាព ទាក់ទងនឹងការសំដែងមតិ និងការប្រមូលផ្ដុំ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត នៅថ្ងៃសៅរ៍ ក៏បានសំដែងក្ដីកង្វល់ពីការធ្លាក់ចុះនូវសិទ្ធិសេរីភាពរបស់ អង្គការសង្គមស៊ីវិល ក្រោយពេលច្បាប់ចូលជាធរមានផងដែរ។ លោកបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ នឹងអាចបណ្ដាលឲ្យអង្គការមួយចំនួននៅកម្ពុជាអាចបិទដំណើរការ ដោយសារតែច្បាប់នេះទាមទារឲ្យអង្គការសង្គមស៊ីវិលបំពេញការងារ ច្រើនហួសហេតុ ៖ "បារម្ភជាងគេគឺច្បាប់អង្គការមិនមែនធ្វើឡើង ដើម្បីគ្រប់គ្រងយើងតាមគោលការណ៍ច្បាប់ ប៉ុន្តែយើងភ័យជាងគេ ការគាបសង្កត់ផ្លូវការងារសម្រាប់សង្គមស៊ីវិល។ ហើយបើច្បាប់តឹងតែងពេក មធ្យោបាយមានតែមួយ ប្រសិនបើ NGO មិនអាចធ្វើការ យើងមានតែឈប់ហើយ"។
បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណជា ៣០០០អង្គការ សមាគម កំពុងមានសកម្មភាពដើម្បីបម្រើប្រយោជន៍សាធារណៈ ទៅតាមវិស័យផ្សេងៗ ដោយទទួលប្រាក់ជំនួយពីអន្តរជាតិ៕
Copyright © 1998-2011 Radio Free Asia. All rights reserved.
No Entry Without Strategy: Building the Rule of Law under UN Transitional Administration
No comments:
Post a Comment