មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Thursday, December 9, 2010

សេចក្ដី​ប្រកាស​ព័ត៌មាន​

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ២០១០​
សេចក្ដីប្រកាស​ព័ត៌មាន​
យើង​​ទាំង​​អស់​​គ្នា​​ត្រូវការ​យុត្តិធម៌ និង ជីវភាព​សមរម្យ
ប្រជាពលរដ្ឋ​​ខ្មែរ​ ​ប្រមាណ​​ជាង​​ពីរ​​ម៉ឺន​​នាក់​​មក​​ពី​​​សហគមន៍​​នៅ​​ទូ​ទាំង​ប្រទេស​​​រួម​​​ទាំង​​​សហជីព សិស្ស​និស្សិត កសិករ ប្រជា​នេសាទ តន្ត្រីករ យុវជន អ្នក​រត់​រ៉ឺម៉ក​កង់​បី ​អ្នក​រត់​ម៉ូតូ​ឌុប និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​​ នឹង​​ប្រារព្ធ​​ទិវា​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​នៅ​​ក្នុង​​សហគមន៍​​របស់​ពួកគេ។

ការ​ប្រារព្ធ​ទិវា​ទាំង​អស់​នេះ​មាន​ពាក្យ​ស្លោក​រួម​មួយ​គឺ “យើង​​ទាំង​​អស់​​គ្នា​ត្រូវ​ការ​​យុត្តិធម៌ និង ជីវភាព​សមរម្យ” និង​មាន​និមិត្ត​សញ្ញា​រួម​មួយ​គឺ “ក្រមា​ពណ៌ខៀវ ”ដើម្បី​តំណាង​​ឱ្យ​តួនាទី​ដ៏​សំខាន់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ផ្ដួចផ្ដើម​គំនិត​របស់​​សហគមន៍​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​នូវ​សមិទ្ធិ​ផល​ទាំង​ឡាយ ដែល​សម្រេច​បាន​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​​កម្ពុជា​​ប៉ុណ្ណោះ​​ទេ ​​​ប៉ុន្តែ​ក៏​ផ្ដោត​លើ​បញ្ហា​សំខាន់​ៗ​​​មួយ​ចំនួន​ផង​ដែរ ដែល​ប្រជា​ពលរដ្ឋ​​កម្ពុជា​​នៅ​តែ​ប្រឈម​មុខ​នៅ​ឡើយ​ ដូចជា​ការ​កេង​ប្រវ័ញ្ច​លើ​ដីធ្លី ធនធានធម្មជាតិ ការ​រឹត​បន្តឹង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ ព្រមទាំង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ជា​ការ​រំឭក​នូវ​ការ​តស៊ូ ពុះពារ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ដែល​​បន្ត​​ប៉ះ​ពាល់​​ដល់​​សង្គម​ ​និង​​សហគមន៍​ស្ទើរ​តែ​គ្រប់​ប្រទេស​។ ទិវា​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ​​គឺជា ​ការ​​លើក​ឡើង​ឱ្យ​បាន​ជ្រួត​ជ្រាប នឹង​ធ្វើ​ជា​សក្ខីភាព​ចំពោះ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ព្រម​ទាំង​ក្រោក​ឈរ​ដើម្បី​អំពាវ​នាវ​​ឱ្យ​មាន​​ការ​​ចាត់​វិធាន​ការ​​នានា​។ 

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ជា​ការ​រំលឹក​ផង​ដែរ នូវ​ឱកាស​នៃ​អង្គការ​​សង្គម​​ស៊ីវិល រដ្ឋា​ភិបាល អង្គការ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង ជា​ច្រើន ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​ស្គាល់ និង​ការប្រតិបត្តិ​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

គំរូ​​នៃ​​ការ​​ប្រារព្ធ​​និង​​សកម្មភាព​មួយ ចំនួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១០
  • ប្រជាពលរដ្ឋ​ប្រមាណ​ជា ​ប្រាំ​រយ​នាក់​និង​សហគមន៍​នេសាទ​ នឹង​ជួប​ជុំ​គ្នា​នៅ​ភូមិ​កង​សាវ ឃុំ​ផាត់​សណ្ដាយ ខេត្ត​កំពង់ធំ ដើម្បី​ប្រារព្ធ​ពិធី​ប្រណាំង​ទូក និង​បង្ហោះ​ប៉ោង​ប៉ោង។
  • អ្នក​ចូល​រួម​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ មាន​ដូច​ជា អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក អាជីវករ អ្នក​បម្រើ​ការងារ ​ក្នុង​ភោជនីយដ្ឋាន​ នឹង​ចូលរួម​ពិធី​ដើរ​ក្បួន និង​កិច្ចពិភាក្សា​តុ​មូល ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​​តាម​​ស្ថានីយ​វិទ្យុ​ខេត្ត​សៀមរាប។ ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​ពីរ​រយ​នាក់​នឹង​ចូលរួម​ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ការ​ឆ្លង​ដែន​ដោយ​សុវត្ថិ​ភាព​នៅ​​ខេត្ត​បន្ទាយមានជ័យ។
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​ពីរ​រយ​ហាសិប​នាក់​នឹង​ប្រារព្ធ​ពិធី​ជួប​ជុំ​ជា​សាធារណៈ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស និង ការ​ដាក់​បញ្ចាំង​វីដេអូ​ស្ដីពី​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ឃុំ ល្អាង ខេត្ត​កំពត។
  • សិស្ស​និស្សិត​ប្រមាណ​ជាង ​ហា​សិប​នាក់​នឹង​ជួប​ជុំ​គ្នា​នៅ​ការិយាល័យ​បណ្ដាញ​យុវជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ និង​ជិះ​កង់​ឆ្ពោះ​ទៅ​ស្ពាន​ច្បារ​អំពៅ​ វិមាន​ឯករាជ្យ និង​ទីលាន​សួន​សេរីភាព ដើម្បី​ចែក​ខិត្តប័ណ្ណ​ដល់​ប្រជាពលរដ្ឋ ហើយ​ដាក់​លិខិត​ស្ដីពី​បញ្ហា​របស់​យុវជន​ទៅ​កាន់​រដ្ឋសភា​នៅ​ទីក្រុង​ភ្នំពេញ។
  • មនុស្ស​ប្រមាណ​ជាង ​ហា​សិប​នាក់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​កសិករ អ្នក​ដឹកនាំ​សហជីព សិស្ស​និស្សិត សិល្បករ និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​នាំ​យក​នូវ​កញ្ចប់​ម្ហូបអាហារ និង​សួរ​សុខទុក្ខ អ្នក​ការពារ​សិទ្ធិ​មនុស្ស ចំនួន​​៣៨ នាក់​នៅ​តាម​ពន្ធនាគារ​​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ចំនួន ៦​ទៀត។ ​
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​ប្រាំពីរ​រយ​នាក់ រួមមាន​អ្នកភូមិ សិស្ស​និស្សិត​ កងរាជអាវុធហត្ថ អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​វាគ្មិន ជា​ច្រើន​នាក់​ទៀត​និង​ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ​
  • អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក និង​អ្នក​រត់​ម៉ូតូឌុប​ប្រមាណ​ជាង​ ពីរ​រយ​នាក់​នឹង​ដង្ហែ​ក្បួន​រួមគ្នា​នៅ​ក្នុង​ខេត្ត​ព្រះ​ព្រះសីហនុ។
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​នឹង​ចូលរួម​ក្នុង​ ការ​​ប្រគំ​តន្ត្រី​នៅ​ខេត្ត​សៀម​រាប​ដែល​​នឹង​ត្រូវ​​រៀប​ចំ​​ឡើង ដោយ​ក្រុម​យុវជន​នាំសារ​។ 
លោក វន់ ពៅ​​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​មាន​ប្រសាសន៍​ថា “រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា​ធានា​ឱ្យ​មាន​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ ដែល​ជា​មូល​ដ្ឋាន​​​គ្រឹះ​​​នៃ​​ប្រជាធិបតេយ្យ។” “ប្រសិន​​បើ​​យើង​គ្មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ នោះ​រដ្ឋាភិបាល​ក៏​មិន​ដឹង​អំពី​ក្ដី​សង្ឃឹម​ និង​សេចក្ដី​ត្រូវការ​របស់​យើង​ឡើយ​ហើយ​គោលបំណង​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​នឹង​មិន​អាច​សម្រេច​បាន​ដែរ”។

កញ្ញា ណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ មាន​ប្រសាសន៍​ថា “យុត្តិធម៌​ត្រូវតែ​ផ្ដល់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ប្រជាពលរដ្ឋ​ទន់​ខ្សោយ ហើយ​ច្បាប់​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ស្មើ​គ្នា ចំពោះ​​អ្នក​ក្រីក្រ អ្នកមាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន”​។ កញ្ញា​បាន​បន្ត​ទៀត​ថា “ប្រជាកសិករ​ក្រីក្រ​មាន​សិទ្ធិ​ដូច​គ្នា​នឹង​​អ្នក​មាន​ទ្រព្យធន​ដែរ។ តុលាការ​កម្ពុជា​ខកខាន​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន ​ជន​រង​គ្រោះ​​ដែល​​ត្រូវ​​បាន​​រំលោភ​​បំពាន និង​កេងប្រវ័ញ្ច​សិទ្ធិ​របស់​គាត់។ កំណែ​ទម្រង់​​ប្រព័ន្ធ​​តុលាការ គឺ​ជា​តម្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​ឯករាជ​ភាព និង​វិជ្ជាជីវៈ​របស់​តុលាការ និង​ដើម្បី​លុបបំបាត់​អំពើពុករលួយ”។ 

លោក យ៉េង វីរៈ នាយក​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​មាន​ប្រសាសន៍​ថា “​យើង​សូម​ស្វាគមន៍ ចំពោះ​​ការអភិវឌ្ឍន៍ ប៉ុន្តែ​​ត្រូវ​​គិត​​ដល់​​ផលប្រយោជន៍​អ្នក​ក្រីក្រ​ផង​ដែរ។ ត្រូវតែ​បញ្ឈប់​ការ​បណ្ដេញ​​ដោយ​បង្ខំ​ទាំង​ឡាយ និង ​ត្រូវ​មាន​គោលនយោបាយ​ដែល​ធានា​និង ​ជំរុញ​ការ​ចូលរួម និង​សិទ្ធិ​ទទួល​ព័ត៌មាន​សិទ្ធិ​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ជិត”។ 

មិត្ត​១០​ធ្នូ គឺជា ក្រុម​មិន​ផ្លូវការ​មួយ​ដែល ​ផ្ដល់​ការ​គាំទ្រ និង​ជួយ​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ដើម្បី​ប្រារព្ធ​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ទូ​ទាំង​​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​​​សារព័ត៌មាន​​ទាំង​អស់​ ត្រូវ​​បាន​​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ និង​សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​មនុស្ស​សំខាន់​មួយ​ចំនួន​ដែល​ មាន​ក្នុង​បញ្ជី​តារាង​សកម្ម​ភាព​​​ ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ទី​ក្រុង​ភ្នំពេញ និង​​បណ្ដា​​ខេត្ត​ផ្សេងៗ​ទៀត។

No comments:

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news