ក្នុងឱកាសដែលទិវាសិទ្ធិមនុស្សអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅទូទាំងពិភពលោក នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះខិតចូលកាន់តែជិតដល់ "
ក្រុមមិត្ត១០ធ្ន" បានរៀបចំខួបលើកទី៦៥នៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៣នេះដែរ ដោយបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហគមន៍ សមាគម បណ្ដាញ សហព័ន្ធ
សហជីព និងអង្គការសង្គមស៊ីវិល
នឹងរៀបចំក្បួនដង្ហែ
ធម្មយាត្រា-សិទ្ធិយាត្រា ដើម្បីផ្សព្វផ្សាយអប់រំចំណេះដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋទូទៅ។
ដើម្បីសម្រេចបាននូវគោលបំណងនៃធម្មយាត្រា-សិទ្ធិយាត្រានេះ ក្រុមមិត្ត១០ធ្នូបានគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាដោយថ្មើជើងចេញពីភូមិ ឃុំ ស្រុក ខេត្ត ក្រុងចំនួន៥ មកកាន់រាជធានីភ្នំពេញ ដោយមានបង្ហាញខ្លឹមសារសំខាន់ៗដូចជា "
មានយុត្តិធម៌ មានសន្តិភាព" និងមានសារខ្លះទៀតដូចជា "
មានការគោរពសិទ្ធិមនុស្ស មានយុត្តិធម៌" ព្រមទាំងសារមួយចំនួនទៀតពាក់ព័ន្ធនឹងសិទ្ធិមនុស្សតាមរយៈធម៌ព្រះពុទ្ធជាដើម។
តាមគម្រោងដែលបានដាក់ស្នើសុំទៅក្រសួងមហាផ្ទៃពាក់ព័ន្ធនឹង ធម្មយាត្រា-សិទ្ធិយាត្រាដែលមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ធ្នូ ក្រុមមិត្ត១០ធ្នូ រួមជាមួយបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមសហគមន៍ សមាគម បណ្ដាញ សហព័ន្ធ សហជីព និងអង្គការសង្គមស៊ីវិលគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាចេញពីគោលដៅដូចបានកំណត់ខាងក្រោម ដោយមានប្រជាពលរដ្ឋ និងព្រះសង្ឃសរុប៥០អង្គ-នាក់ មានន័យថា តាមគោលដៅនីមួយៗមានប្រជាសហគមន៍ចំនួន៣០នាក់ និងព្រះសង្ឃចំនួន២០អង្គ។ ក្រុមមិត្ត១០ធ្នូរំពឹងថា ចំនួននៃអ្នកចូលរួមនឹងកើនឡើងពីកន្លែងមួយទៅកន្លែងមួយនៅពេលធ្វើធម្មយាត្រា-សិទ្ធិយាត្រានេះ។
ក្នុងពេលធ្វើធម្មយាត្រា-សិទ្ធិយាត្រានេះ អ្នកចូលរួមតាមគោលដៅនីមួយៗ គ្រោងឈប់សម្រាកតាមផ្លូវក្រោយពីធ្វើធម្មយាត្រា-សិទ្ធិយាត្រាបានចម្ងាយ២០គីឡូម៉ែត្រក្នុង១ថ្ងៃ ហើយនៅពេលឈប់សម្រាកមួយលើកៗនឹងមានកម្មវិធីសំខាន់ៗពីរគឺ៖ (១) ធម្មទេសនាអំពីព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស និង (២) ល្បែងសំណួរ-ចម្លើយពាក់ព័ន្ធចំណេះដឹងផ្នែកសិទ្ធិមនុស្សនិងមានចែករង្វាន់ជូនអ្នកដែលឆ្លើយត្រូវ។
កម្មវិធីមួយទៀតដែលអាចនឹងធ្វើដែរគឺ វេទិកាសាធារណៈ។ សូមបញ្ជាក់ថា តាមទស្សនៈរបស់ក្រុមមិត្ត១០ធ្នូគឺ ចង់ឃើញទិវាសិទ្ធិមនុស្ស១០ធ្នូ និងវេទិកាសាធារណៈក្លាយជា ប្រពៃណីបុណ្យសាធារណៈមួយ ដែលក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចូលរួម ឆ្លុះបញ្ចាំងអំពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការគោរពសិទ្ធិមនុស្ស។ ប្រជាពលរដ្ឋដែលចូលរួមនឹងលើកឡើងអំពីចំណុចល្អៗ និងចំណុចអវិជ្ជមានមួយចំនួនដែលត្រូវកែលម្អ និងជំរុញការអនុវត្ត ការគោរពសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរ។
គោលដៅនិងផ្លូវមួយចំនួននៃធម្មយាត្រា-សិទ្ធិយាត្រា៖
- ផ្លូវជាតិលេខ១ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង
- ផ្លូវជាតិលេខ៣ ចេញពីខេត្តទីរួមក្រុងកំពត ខេត្តកំពត
- ផ្លូវជាតិលេខ៤ ចេញពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
- ផ្លូវជាតិលេខ៥ ចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង
- ផ្លូវជាតិលេខ៦ ចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ក្បួនធម្មយាត្រា-សិទ្ធិយាត្រា នឹងធ្វើដំណើររហូតមកដល់មុខមន្ទីររដ្ឋសភា រាជធានីភ្នំពេញ៕
សម្រាប់ព័ត៌មានពាក់ព័ន្ធ ធម្មយាត្រា-សិទ្ធិយាត្រាក្នុងពិធីប្រារព្វទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិនេះ សូមតាម 'Follow' Google+ Page, ឬប្លក់ "ក្រុមមិត្ត១០ធ្នូ" នេះ ទាក់ទងមកក្រុមអ្នករៀបចំធម្មយាត្រា-សិទ្ធិយាត្រា។