ព្រះករុណាព្រះបាទសម្ដេចព្រះបរុមនាថ
នរោត្ដម សីហមុនី
ព្រះមហាវិរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត
ដោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែខិតជិតមកដល់ហើយ ខ្ញុំសូមធ្វើសេចក្ដីអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ សូមកុំឲ្យមានការព្រួយបារម្ភ ចំពោះការគាបសង្កត់ ការគំរាម កំហែង ឬសំឡុតពីជនណាមួយ ឬបក្សណាមួយឲ្យសោះ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាការបោះឆ្នោតសម្ងាត់ ហើយនឹងប្រព្រឹត្តធ្វើទៅតាមលទ្ធិប្រជាធិបតេយ្យសេរី។
ហេតុដូចនេះ ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិរបស់ខ្លួន គឺការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយបានដោយសេរី។
សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងទទួលយកនូវសេចក្ដីគោរព ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ។
នរោតម្ដ សីហមុនី
ធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣